សម្ដេចតេជោ ហ៊ុន សែន៖ ពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់

សម្ដេចតេជោ ហ៊ុន សែន៖ កេរ្ដិ៍ឈ្មោះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ទុកបន្សល់ឱ្យកូនចៅបន្តរាប់រយឆ្នាំ បើទោះជាប្រទេសក្រក៏ប៉ុន្តែបេះដូងធំ។ចេញផ្សាយ ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២៣។ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា កេរ្ដិ៍ឈ្មោះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានទុកបន្សល់ឱ្យកូនចៅយើងបន្តរាប់រយឆ្នាំតទៅទៀត បើទោះយើងជាប្រទេសក្រក៏ប៉ុន្តែបេះដូងធំ។នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាមិនយកថ្លៃគ្រប់សេវាទាំងទាំងអស់ ទាំងថ្លៃស្នាក់នៅ ហូបចុក និងប្រព័ន្ធផ្សព្វផ្សាយ។ល។ ដោយសម្ដេចតេជោចាត់ទុកថា «លុយអាចចាយអស់ ប៉ុន្តែកេរ្ត៍ឈ្មោះចាយមិនអស់នោះទេ»។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «កេរ្ដិ៍ឈ្មោះដែលកម្ពុជាធ្វើស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទុកបន្សល់ឱ្យកូនចៅយើងបន្តរាប់រយឆ្នាំតទៅទៀត បើទោះយើងជាប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំ»។សម្ដេចតេជោបន្តថា ដូច្នេះបន្ទាប់ពីការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនេះទៅ យើងត្រូវឆ្លាក់នៅវិមានឈ្នះ ឈ្នះ អំពីអ្វីដែលវាបានកើតនៅក្នុងដំណាក់កាលស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ព្រោះដូនតារបស់យើងមានអ្វីកើតឡើងបានឆ្លាក់ទុកនៅតាមសិលាចារឹកនានា ដូចជា នៅប្រសាទអង្គរ និងតាមប្រាង្គប្រសាទនានាឱ្យយើងបានដឹង។ ដូច្នេះយើងក៏មានភារកិច្ច ដើម្បីនឹងចង្អុលបង្ហាញទុកនៅក្នុងទីកន្លែងដែលអាចឆ្លាក់បាន បន្ថែមទៅដោយមានរូបភាពជាវីដេអូ ខ្សែភាពយន្តនានាផងដែរ។ សម្ដេចតេជោ ថ្លែងទៀតថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺបានរួមចំណែកក្នុងការបំពេញតួនាទីជាសមាជិក ដែលមានការទទួលខុសត្រូវរបស់អាស៊ាន ទៅលើកិច្ចការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ហើយរួមចំណែកទៅដល់ការពង្រឹងវិស័យកីឡា។សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ទៀតថា កម្ពុជាមិនមែនត្រឹមតែធ្វើជាម្ចាស់ផ្ទះត្រឹមតែប្រជាជនខ្លួនឯងចំនួន១៧លាននាក់នោះទេ កម្ពុជាមានភារកិច្ច នឹងធ្វើការសម្របសម្រួល និងពង្រឹងទំនាក់ទំនង ក្នុងចំណោមប្រជាជនជាង៦០០លាននាក់របស់អាស៊ាន ព្រោះថា ស៊ីហ្គេម និងប៉ារ៉ាហ្គេម គឺជាកាតព្វកិច្ចរបស់ប្រទេសជាសមាជិកអាស៊ាន។ សម្ដេចតេជោលើកឡើងថា បញ្ហាមេដាយ វាជារឿងមួយហើយ ប៉ុន្តែការយកចិត្តទុកដាក់ចំពោះកីឡាករ កីឡាការិនី ទោះជាបាន ឬមិនបានមេដាយ ក៏នៅតែជាកីឡា ត្រូវគោរពក្រមសីលធម៌ និងវិន័យរបស់អ្នកកីឡា។ ដូច្នេះក្មួយៗ កូនៗ កុំបាក់ទឹកចិត្ត បើទោះបីជា កម្ពុជាមានចំណាត់ថ្នាក់ទីប៉ុន្មានក៏ដោយ រឿងធំរបស់កម្ពុជា គឺធ្វើម៉េចរៀបចំការប្រកួតមួយដែលធានាសាមគ្គីភាព សម្រាប់ប្រជាជនជាង៦០០លាននាក់របស់អាស៊ាន ត្រូវថែទាំកីឡាករ កីឡាការិនីនៃប្រទេសនានាឱ្យបានល្អ។ សម្ដេចតេជោអះអាងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះប្រកបដោយការទទួលខុសត្រូវ ហើយដែលជាចំណែកនៃការជំរុញពង្រឹងវិស័យកីឡា នៅក្នុងក្របខ័ណ្ឌអាស៊ាន។សម្ដេចតេជោគូបញ្ជាក់បន្ថែមថា ការធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បានន្សល់នូវការចងចាំ ដែលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន ផ្ដល់នូវជំនឿទុកចិត្ត ដែលសម្ដេចតេជោ ក៏បានយកឱកាសនេះ អរគុណចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត ដែលបានបញ្ជូនកីឡាករ កីឡាការិនីមកចូលរួមប្រកួតក្នុងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅពេលនេះ។ សម្ដេចតេជោក៏បានអរគុណ ចំពោះគណៈកម្មការរៀបចំការប្រកួត ក៏ដូចជា គ្រប់សេវាទាំងអស់ រាប់ទាំងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមបម្រើឱ្យការផ្ដល់សេវា និងធានាសម្រាប់ឱ្យកីឡាករ កីឡាការិនី និងអ្នកគាំទ្រ ឬក៏គ្រូបង្វឹកនានា ដែលបានមកចូលរួមនៅក្នុងប្រទេសរបស់យើង។គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលចាប់ផ្ដើមពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៣ មានប្រតិភូ និងកីឡាករ កីឡាការិនីនៃបណ្ដាប្រទេសអាស៊ាន ដែលបានចូលរួមចំនួនប្រមាណ ២ ១៦០ នាក់ ដែលនឹងចូលរួមប្រកួតប្រជែងលើ១៣ប្រភេទកីឡា សរុបចំនួន ៤៣១វិញ្ញាសា និងប្រភេទកីឡាក្រៅផ្លូវការមួយ (E-Sports)៕ ប្រភព៖information.gov.kh