សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក

ចេញផ្សាយថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២២ ខែ​កុម្ភៈ ​ឆ្នាំ​២០២២។ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក។ ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ​ (Kubota-Metawater Joint Venture)។សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនផ្ដល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីពិតជាមានមោទនភាពភាពចំពោះសមិទ្ធផលដែលចេញជាផ្លែផ្កាជាបន្តបន្ទាប់ រវាងមិត្តជប៉ុនមកដល់កម្ពុជា។ សម្តេចតេជោបានថ្លែងថា រយៈពេលប្រមាណតែមួយខែប៉ុណ្ណោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងនោះមានកំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបងទៅខេត្តបន្ទាយមានជ័យ, ការសម្ភោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន៧ នៅខេត្តក្រចេះ និងខេត្តព្រៃវែង និងការបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនាថ្ងៃនេះ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយអង្គការចៃការបស់ជប៉ុន ក្នុងការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនេះ។ វត្តមានស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនាពេលនេះ គឺកើតចេញពីទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន ដែលឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប ៧០ឆ្នាំនៃទំនាក់ទំនងនេះផងដែរ។