ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។(ខេត្តកណ្ដាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានថ្លែងនៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ លោកបានស្នើដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តយកចិត្តទុកដាក់ ការពារឱ្យបាន នូវសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នាពិធីបុណ្យភ្ជុំបិណ្ឌ កឋិនទាន និងពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅនៅពេលខាងមុខប្រកបប្រសិទ្ធភាពខ្ពស់។ឯកឧត្ដមអភិបាលខេត្តកណ្តាល បន្តថា ការយកចិត្តទុកដាក់ និងខិតខំអនុវត្ត ការងារតាមតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទស្នងការដ្ឋាននគរបាលខេត្ត រក្សាបាននូវ សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អ ធ្វើឱ្យខេត្តកណ្តាល បាននឹងកំពុងធ្វើការអភិវឌ្ឍរីកចម្រើនប្រកប ដោយចីរភាពលើគ្រប់វិស័យ។ ឯកឧត្ដម បន្ថែមថា រដ្ឋបាលខេត្ត បាននឹងកំពុងកែប្រែឥរិយាបថជាវិជ្ជមានរបស់មន្ត្រី ពីអ្នកគ្រប់គ្រងឱ្យទៅជាអ្នកផ្តល់ឬបម្រើសេវារដ្ឋបាល ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតប ដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទះម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ព្រមទាំងប្រកាន់ភ្ជាប់នូវ “អភិក្រមទាំង៥ គឺ៖មុជទឹក ឆ្លុះកញ្ចក់ ដុសក្អែល ព្យាបាល និងវះកាត់” ដោយរួមសាមគ្គីភាពសហការគ្នាយ៉ាងសកម្ម ក្នុងការផ្តល់សេវាសាធាណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការកសាង និងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រងដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។ក្នុងឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានក្រើនរំលឹកបន្ថែម ដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទាំងអស់បន្តអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ រួមមាន៖
ទី១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
ទី២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើស គ្រប់ប្រភេទ។
ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារនិងគ្មានក្មេងទំនើង។
ទី៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិង ប្រសិទ្ធភាព។
ទី៦. មានអនាម័យ សោភ័ណភាពល្អ និងមានបរិស្ថានល្អ។
ទី៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕