ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ណែនាំដល់ លោកគ្រូអ្នកគ្រូ ឲ្យបន្តពង្រឹងពង្រីកចំណេះដឹងសមត្ថភាពភាសាបរទេស និងបច្ចេកវិទ្យា និងបង្កើតវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីឆ្លើយតបនឹងវិធានគន្លឹះ៤ ដែលដាក់ចេញដោយសម្តេចធិបតី

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ណែនាំដល់ លោកគ្រូអ្នកគ្រូ ឲ្យបន្តពង្រឹងពង្រីកចំណេះដឹងសមត្ថភាពភាសាបរទេស និងបច្ចេកវិទ្យា និងបង្កើតវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីឆ្លើយតបនឹងវិធានគន្លឹះ៤ ដែលដាក់ចេញដោយសម្តេចធិបតី។ភ្នំពេញ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤–។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំស្តីពី “វឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់សាលាគរុកោសល្យ” ដោយមានចូលរួមពីសំណាក់ ឯឧត្តមលោកជំទាវមន្ត្រី ពាក់ព័ន្ធក្រោមឱវាទក្រសួង និងលោកគ្រូ អ្នកគ្រូមកពីគ្រឹះស្ថានអប់រំគ្រូបង្រៀនគ្រប់ខេត្ត ក្រុង សរុបចំនួន១៤៨នាក់ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ឆ្លៀតនាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្តី្រ បានផ្ដល់អនុសាសន៍ឱ្យលោកគ្រូ អ្នកគ្រូទាំងអស់សិក្សាពីឫសគល់នៃបញ្ហាប្រឈមនានា បន្តពង្រឹងពង្រីកចំណេះដឹងសមត្ថភាពភាសាបរទេស និងបច្ចេកវិទ្យា និងបង្កើតវិធីសាស្ត្របង្រៀនថ្មីៗ ឆ្លើយតបនឹងវិធានគន្លឹះ៤ ដាក់ចេញដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅដើម្បីឈានទៅពង្រឹងគុណភាពអប់រំលើកកម្ពស់លទ្ធផលសិក្សាសិស្សដូចជា៖ (ទី១).ពង្រឹងអភិបាលកិច្ចសាលារៀន (ទី២).ពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស (ទី៣).សុខភាពសិក្សាតាមរយៈកម្មវិធីអាហារូបត្ថម្ភ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង(ទី៤).ជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។តាមក្រសួងអប់រំ ដើម្បីអនុវត្តគោលនយោបាយផែនការយុទ្ធសាស្ត្រគាំទ្រវិស័យអប់រំ និងក្របខណ្ឌ កម្មវិធីអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យមានប្រសិទ្ធភាព ក្រុមការងារកំណែទម្រង់គ្រូបង្រៀននៃលេខាធិការដ្ឋានអភិវឌ្ឍន៍ធនធានគ្រូបង្រៀន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ ដោយមានក្រុមការងារចំនួន ៦ក្រុម៖ (១)ក្រុមការងារកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន (២)ក្រុមការងារការអភិវឌ្ឍសមត្ថភាព និងការពង្រឹងគុណភាពគ្រូឧទ្ទេស (៣)ក្រុមការងារកែលម្អធនធានសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ (៤)ក្រុមការងារភាពជាអ្នកដឹកនាំ (៥)ក្រុមការងារផ្សារភ្ជាប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងសាលាអនុវត្តន៍ (៦)ក្រុមការងារធានាគុណភាពគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។ ក្រុមការងារកំណែទម្រង់គ្រូបង្រៀននេះ បានប្រជុំរៀបចំផែនការសកម្មភាពដើម្បីអនុវត្តទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន និងទទួលបានលទ្ធផល ឆ្លើយតបទៅតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា៕ព្រភព៖information.gov.kh