រូបសំណាកសេះសមុទ្រ(ត្រីសេះសមុទ្រ)កំពង់តែល្បីល្បាញនៅខេត្តកំពត។

រូបសំណាកសេះសមុទ្រ(ត្រីសេះសមុទ្រ)កំពង់តែល្បីល្បាញនៅខេត្តកំពត។ខេត្តកំពត៖ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងដំណើរចុះពិនិត្យរូបសេះសុទ្រ ដែលនឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតគឺជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្ត ដែលខេត្តនេះសំបូរទៅដោយធនធានធម្មជាតិជាច្រើនដែលបម្រើឱ្យវិស័យទេសចណ៍ ដូច្នេះក្នុងនាមអាជ្ញាធរខេត្តត្រូវតែមានការកែច្នៃ កែលម្អ តំបន់ដែលមានធនធានធម្មជាតិ និងមានសក្តានុពលទេសចរណ៍ទាំងនោះឱ្យដំណើរការ ក្នុងន័យជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រោះពេលណាដែលមានទេសចរមកលេងកម្សាន្តច្រើន នោះពលរដ្ឋនិងទទួលបានចំណូលពីវិស័យទេសចរណ៍ក៏ច្រើន។ ឯកឧត្តមអភិបាលខេត្តកំពតបានបន្ថែមថា បច្ចុប្បន្ននេះក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេសយកចិត្តទុកដាក់ក្នុងការបង្កើតកន្លែងកម្សាន្តថ្មីៗ អភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងខេត្តឱ្យមានភាពទាក់ទាញ ក្នុងន័យបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងតំបន់ទេសចរណ៍។
រូបសំណាកសេះសមុទ្រ(ត្រីសេះសមុទ្រ) ត្រូវបានអាជ្ញាធរខេត្តកំពតរៀបចំសាងសង់ឡើងក្នុងន័យដើម្បីបង្កើនសោភ័ណភាពក្នុងក្រុងកំពត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនក្នុងខេត្ត ពិសេសក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ រូបសំណាកសេះសមុទ្រ(ត្រីសេះសមុទ្រ)នេះ មានកម្ពស់ ៨ម៉េត្រ សាងសង់ឡើងដោយមានការបាញ់ទឹកចេញពីមាត់ រួមទាំងការបំពាក់ភ្ញៀវពណ៌ដ៏ស្រស់ស្អាតនាពេលយប់។ ការសាងសង់រូបសំណាកនេះឡើងដោយសារខេត្តកំពត គឺជាខេត្តមួយដែលជាប់តំបន់សមុទ្រ ហើយសេះសមុទ្រ(ត្រីសេះសមុទ្រ) ក៏ជាប្រភេទសត្វក្នុងទឹកសមុទ្រមួយប្រភេទផងដែរ ដែលប្រជានេសាទខ្លះហៅថាត្រីសេះ។ ចំពោះរូបសំណាក សេះសមុទ្រ នេះ គឺត្រូវបានធ្វើឡើងទៅតាមរូបរាង ត្រីសេះសមុទ្រពិតប្រាកដ ហើយការរៀបចំឱ្យរូប សេះសមុទ្រនេះ មានបាញ់ទឹកតាមមាត់ ព្រោះសេះសមុទ្រជាធម្មតា តាមធម្មជាតិរបស់វាត្រូវតែព្រោះទឹកចេញពីមាត់។
សូមបញ្ជាក់ថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ អាជ្ញាធរខេត្តកំពតបានបង្ហាញសមិទ្ធិផលថ្មីៗចំនួនពីរទីតាំងដើម្បីឱ្យភ្ញៀវទេសចរចូលលេងកម្សាន្ត ដែលទីតាំងទី១.គឺសួនរូបសេះមុខសាលាខេត្តចាស់ដែលកំពុងមានការចាប់អារម្មណ៍ច្រើន ទីតាំងទី២.គឺឆ្នេរខ្សាច់កម្សាន្តចន្លោះពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានថ្មថ្មី ដែលមានប្រវែងប្រមាណជាង ៦រយម៉ែត្រ ដែលទីតាំងទាំងពីរនេះអាចឱ្យភ្ញៀវទេសចរស្រូបយកខ្យល់អាកាសបរិសុទ្ធ មើលថ្ងៃលិច ពិសេសឆ្នេរខ្សាច់កម្សាន្តអាចងូតទឹកកម្សាន្តផងដែរ។ ជាមួយគ្នានេះដែរ ការរៀបចំតុបតែងលម្អភ្លើងពណ៌លម្អតាមដងផ្លូវ និងសួនច្បារសំខាន់ៗក្នុងក្រុងកំពតត្រូវបានអាជ្ញាធរខេត្តរៀបចំរួចរាល់សម្រាប់ទទួលភ្ញៀវទេសចរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខាងមុខ ហើយចំណតទូកទេសចរណ៍ក៏បានរៀបចំរួចរាល់ផងដែរសម្រាប់ជិះលេងកម្សាន្តតាមដងព្រែកកំពង់បាយ ដើម្បីទស្សនាអំពិលអំពែក និងភ្លើងពណ៌ក្រុងកំពត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត