ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព សម្ពោធឆ្លងមហាកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តឧទុម្ពរ (ហៅវត្តល្វា) ក្នុងស្រុកត្បូងឃ្មុំ

ចេញផ្សាយថ្ងៃអាទិត្យ  ៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ២០ ខែ​មីនា ​ឆ្នាំ​ ២០២២។ ត្បូងឃ្មុំ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងមហាកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តឧទុម្ពរ (ហៅវត្តល្វា) ស្ថិតក្នុងភូមិល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ថ្លៃងនាឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើការចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការសម្ពោធឆ្លងសមិទ្ធផលថ្មី ក្នុងទីរាមដ៏ចំណាស់ជាង ១០០ ឆ្នាំមួយនេះ ហើយក៏ជាស្រុកភូមិដែល សម្តេចទាំងពីរ មានប្រវត្តិតស៊ូលំបាកជូរចត់ជាច្រើនក្នុងដំណាក់កាលដែលប្រទេសជាតិស្ថិតក្នុងវិបត្តិសង្គ្រាម។ ពិតណាស់ ឱកាសនៃពិធីនាពេលនេះ គឺជាភ័ព្វសំណាងមួយខុសពីសម័យកាលសង្គ្រាម ដោយប្រជាពលរដ្ឋចាស់ក្មេង ទាំងអ្នកជំនាន់មុន និងជំនាន់ក្រោយ បានជួបជុំគ្នានៅទីកន្លែងតែមួយក្នុងជំនាន់សុខសន្តិភាពដូចពេលនេះ ជាមួយនឹងបរិយាកាសស្និទ្ធស្នាលសប្បាយរីករាយអបអរសាទរចំពោះការទទួលបានសមិទ្ធផលថ្មីៗផ្នែកសាសនា ក៏ដូចជាការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ស្រុកត្បូងឃ្មុំ ជាពិសេស ដំណើរការកសាងផ្លូវជាតិលេខ ៧១c ឆ្លងកាត់បណ្តាឃុំ ហើយដែលនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ដោយនឹងនាំមកនូវសក្តានុពលថ្មីៗសម្រាប់មូលដ្ឋាននេះ ដូចអ្វីដែល សម្តេចតេជោ បានប្តេជ្ញាចិត្តតាំងពីឆ្នាំ១៩៧៩ មក គឺធ្វើយ៉ាងណាកសាងប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើននៅគ្រប់ទីកន្លែង។