អតីត​ប្រធានាធិបតី​លោក​ Donald Trump ​បាន​រងរបួស​ក្បាល​កាលពី​ថ្ងៃសៅរ៍​ ប៉ុន្តែ​ លោក​«មិនអីទេ»​។ នេះ​បើ​យោង​តាម​ក្រុម​យុទ្ធនាការ​របស់​លោក​ បន្ទាប់ពី​មាន​ការបាញ់​ប្រហារ​ក្នុង​ទិសដៅ​របស់​លោក​នៅ​ឯការ​ប្រមូលផ្តុំ​យុទ្ធនាការ​ឃោសនា​មួយ​ក្នុង​រដ្ឋ Pennsylvania ។

អតីត​ប្រធានាធិបតី​លោក​ Donald Trump ​បាន​រងរបួស​ក្បាល​កាលពី​ថ្ងៃសៅរ៍​ ប៉ុន្តែ​ លោក​«មិនអីទេ»​។ នេះ​បើ​យោង​តាម​ក្រុម​យុទ្ធនាការ​របស់​លោក​ បន្ទាប់ពី​មាន​ការបាញ់​ប្រហារ​ក្នុង​ទិសដៅ​របស់​លោក​នៅ​ឯការ​ប្រមូលផ្តុំ​យុទ្ធនាការ​ឃោសនា​មួយ​ក្នុង​រដ្ឋ Pennsylvania ។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​ក្រុម​យុទ្ធនាការ​របស់​លោក Trump ​បាន​និយាយ​ថា​ បេក្ខជនប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​ បាន​ទទួល​ការព្យាបាល​នៅឯ​មន្ទីរពេទ្យ​ក្នុង​មូលដ្ឋាន​មួយ។ លោក​បាន​ទៅ​ទីក្រុង Butler ​ក្នុង​រដ្ឋ​ដែល​មាន​ការប្រកួត​ប្រជែង​ខ្លាំង​ដើម្បី​ធ្វើ​ការឃោសនា។
លោក Steven Cheung ​ជា​អ្នកនាំពាក្យ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «លោក​ប្រធានាធិបតី Trump ​ថ្លែង​អំណរគុណ​មន្ត្រីអនុវត្ត​ច្បាប់​ និង​ក្រុមសង្គ្រោះ​បន្ទាន់ចំពោះ​សកម្មភាព​ដ៏​រហ័ស​របស់​ពួកគេ​ក្នុង​អំឡុងពេល​មាន​ទង្វើ​ដ៏​សាហាវ​នេះ។ ​លោកមិន​អី​ទេ ​ហើយ​កំពុង​ត្រូវ​បាន​គេ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​ក្នុង​មូលដ្ឋាន​មួយ»។
ហ្វូង​អ្នកចូលរួមបាន​ឮ​សំឡេង​ផ្ទុះ​ប៉័ងៗជាច្រើន​ដែល​ស្រដៀង​នឹង​ការ​បាញ់​អាវុធ​ធុន​តូច​មុន​ពេល​ដែល​អតីត​ប្រធានាធិបតី​បាន​យក​ដៃ​ស្ទាប​មុខ​ម្ខាងរបស់​លោកហើយ​ក្រាប​ចុះ។ លោកត្រូវ​បានក្រុម​អង្គរក្ស​សម្រុក​ចូល​ការពារភ្លាមៗ​ ហើយ​អាច​ត្រូវ​បាន​គេ​ឮ​លោក​ស្រែកថា «ឱ្យ​ខ្ញុំ​យក​ស្បែក​ជើង​ខ្ញុំ​សិន»​ មុន​ពេល​ដែល​លោកក្រោក​ឈរ​ឡើង​វិញនោះ​មាន​កង​ភ្នាក់ងារការពារ​បានព័ទ្ធ​ការពារ​លោកយ៉ាង​ណែន។
បន្ទាប់មក​ ​ដោយ​មាន​ហូរ​ឈាម​ចេញ​ពី​ត្រចៀក​ខាង​ស្តាំ​ លោក​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា​ «ចាំបន្តិច» ។ បន្ទាប់មក ​លោកបាន​លើក​កណ្តាប់ដៃ​ស្តាំ​ ហើយ​ធ្វើ​កាយវិការ​ខឹង​សំដៅកន្លែង​មួយ​នៅ​ចំ​កណ្តាល​ហ្វូង​មនុស្ស​ ហើយ​និយាយ​ពាក្យ​ដដែលបី​ដង។ ស្តាប់ទៅដូចជាពាក្យ​ថា​ «ប្រយុទ្ធ, ប្រយុទ្ធ, ប្រយុទ្ធ» ។