ឯកឧត្តម សៅ សុខា និងឯកឧត្តម នាង ផាត បានប្រារព្ធពិធីពុទ្ធាភិសេកព្រះអង្គគោកធ្លកនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ខេត្តត្បូងឃ្មុំ

ចេញផ្សាយថ្ងៃអង្គារ៍ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ត្រូវនឹងថ្ងៃ​ទី ៥ ខែមេសា ​ឆ្នាំ​ ២០២២ ត្បូងឃ្មុំ៖ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 បានប្រារព្ធពិធីពុទ្ធាភិសេកព្រះអង្គគោកធ្លកដើម្បីតម្កល់ជាទីសក្ការៈបូជា តាមពុទ្ធសាសនា និងប្រពៃណីខ្មែរ តភ្ជាប់ពីអតីតកាលមកបច្ចុប្បន្នកាល និងទៅអនាគតកាល។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសូងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា។ ថ្ងៃនេះស្របនឹងឱកាសដ៏នក្ខត្តឬក្សចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ របស់សម្តេចតេជោ ក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនាគោរពស្រលាញ់ និងដឹងគុណប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំមាតុភូមិ និងប្រជាជនកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍ និងភាពចម្រើនរុងរឿង។ សូមរំលឹកថា ក្រោយពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ទទួលបានការប្រគល់ភារកិច្ចជាប្រធានក្រុមការងាររៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ នៃការយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន និងមានការយល់ព្រមពីសម្ដេចពិជ័យសេនា គឺបានរៀបចំគម្រោងផែនការសាងសង់តាមជំហ៊ានៗ ចាប់ពីខួបលើកទី៤៣មកដល់បច្ចុប្បន្ននេះ។ ១-ការសាងសង់នេះ បែងចែកជា៣ដំណាក់កាល៖ ជំហាន១-សមិទ្ធផលកើតឡើងក្នុងការរៀបចំពិធីរំលឹកខួបលើកទី៤៣ ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ ដឹកនាំផ្ទាល់ និងមកបញ្ចប់ការសាងសង់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដោយបានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងនោះរួមមាន៖ វេទិកាទំហំ ៦,១ម៉ែត្រគុណ៤៧ម៉ែត្រ ១ខ្នង, បន្ទប់អនាម័យខាងក្រោយវេទិកា ២បន្ទប់, សាលាដំណាក់ ១ខ្នង ទំហំ៦,១ម៉ែត្រគុណ១៩,៦ម៉ែត្រ, បន្ទប់អនាម័យសាធារណៈ ១ខ្នង មានទំហំ៣,៥ម៉ែត្រគុណ២១ម៉ែត្រ, ការបំពាក់ក្បាច់ហោជាងនៅសាលាដំណាក់ និងវេទិកា, ការងារធ្វើរបងព័ទ្ធជុំវិញកន្លែងប្រារព្ធពិធី។ ការងារចាក់ដី និងចាក់ថ្មម៉ិច, ជីកស្រះទឹក, ការងារចាក់ប៉េតុងធ្វើជើងទេរស្រះទឹក, ការងារដាក់លូរំដោះទឹក, ការងារចាក់ដី និងកឹនបង្ហាប់ ទីតាំងសាងសង់អគារមិត្តភាពកម្ពុជា វៀតណាម, ការងារដឹកដីចាក់ក្នុងរណ្តៅដាំកូនឈើក្នុងបរិវេណកន្លែងប្រារព្ធពិធី។ ការសាងសង់តារាងបាល់ទាត់ទំហំ៦៤ម៉ែត្រគុណ១១០ម៉ែត្រ, ដាំកូនឈើធ្វើស៊ុម, ការងារចាក់លូប៉េតុង, ការងារជីក ចាក់ប៉េតុងគ្រឹះជើងបំពាក់បង្គោលនិងអំពូលសូឡាចំនួន៥០ដើម។ គម្រោងទី១នេះ ប្រើប្រាស់ថវិកាសរុប១.៥៣៥.៧៥៨,១២ដុល្លារ បានទូទាត់រួចរាល់១០០%។