បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ចំនួន៣ថ្ងៃ មានភ្ញៀវជិត ៤លាន ៦សែននាក់ ចេញដើរកម្សាន្តទូទាំងប្រទេស

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២៨,៨៤៩នាក់។ ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១៖ ភ្ញៀវមានចំនួន៨៦២,៨៩៧នាក់ ,ថ្ងៃទី២៖ ភ្ញៀវមានចំនួន១,៥៧៩,២៥១នាក់ និងថ្ងៃទី៣៖ ភ្ញៀវមានចំនួន២,១៤៨,១៧៨នាក់។ ឯកឧត្តមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖ ខេត្តបាត់ដំបង ៥៦៥,៦១៨នាក់,ខេត្តកំពង់ចាម ៥១៤,៤៤៧នាក់,ខេត្តសៀមរាប ៤០០,៥៩១នាក់, ខេត្តបន្ទាយមានជ័យ ៣៨៨,២៧៣នាក់, ខេត្តព្រៃវែង ៣៨២,៨៦៧នាក់, ខេត្តកំពង់ស្ពឺ ៣៣១,៨០៩នាក់,ខេត្តពោធិ៍សាត់ ២៩៨,០៣៧នាក់, ខេត្តកំពង់ឆ្នាំង ២៧៥,៤០០នាក់,ខេត្តកំពត ២៥៤,២៧០នាក់,ខេត្តព្រះសីហនុ ២៣២,២៦៤នាក់ និងរាជធានីភ្នំពេញ ២២២,២២០នាក់។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី៣ នៅបន្តមានភាពផុសផល និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី២។ ជាក់ ស្តែង តួលេខថ្ងៃទី៣នេះបន្តកើនឡើងរហូតដល់ប្រមាណ ៣៦.០២% ធៀបនឹងថ្ងៃទី២។ សរុបថ្ងៃទី១ និងទី២ ចរន្តភ្ញៀវនាពេលចូលឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំ២០១៩ដែលមិនទាន់មានជំងឺកូវីដ ប៉ុន្តែសម្រាប់ថ្ងៃទី៣នេះ ដោយសារមានភ្លៀងធ្លាក់ពីតិចទៅច្រើននៅគ្រប់ខេត្ត ធ្វើឱ្យភ្ញៀវមានចំនួនតិចជាងឆ្នាំ២០១៩។ ដូច្នេះសរុបរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ២៥៦៦នេះ មានភ្ញៀវ ប្រហាក់ប្រហែលនឹង៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីឆ្នាំ២០១៩ (ដែលមានចំនួនប្រមាណ៤,៧២៦,៦០២នាក់)។