
ប្រជាពលរដ្ឋបន្តប្រើរូបភាពញុះញង់ប្រមូលផ្តុំគ្នា បំពានបំណងល្អរបស់លោកអភិបាលស្រុកគាស់ក្រឡ ក្នុងការដោះស្រាយវិវាទដីធ្លី
ចេញផ្សាយថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២
ប្រជាពលរដ្ឋបន្តប្រើរូបភាពញុះញង់ប្រមូលផ្តុំគ្នា បំពានបំណងល្អរបស់លោកអភិបាលស្រុកគាស់ក្រឡ ក្នុងការដោះស្រាយវិវាទដីធ្លី
បាត់ដំបង៖ ក្រុមមនុស្សទន្ទ្រានយកដីស្របច្បាប់របស់អ្នកដទៃមួយក្រុម នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ បានប្រមូលផ្តុំគ្នា បង្កបញ្ហាស្មុគស្មាញ នៅក្នុងមូលដ្ឋាន ដោយបំពានស្មារតីប្រជុំរបស់លោកអភិបាលស្រុកគាស់ក្រឡ ដែលបានហាមមិនឲ្យធ្វើសកម្មភាពរញ៉េរញ៉ៃ ពិបាកដោះស្រាយក្នុងរឿងវិវាទដីធ្លី។
ប្រជាពលរដ្ឋប្រមាណ៣០នាក់ បានប្រើរូបភាពមហាជន មកប្រមូលផ្តុំគ្នា រារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ដែលជាម្ចាស់ដីស្របច្បាប់ មិនឲ្យភ្ជួររាស់ឈូសឆាយលើដីខ្លួនឯង ដោយពួកគាត់អះអាងថា ជាម្ចាស់ដីនេះដែរ ទោះបីជាគ្មានឯកសាបញ្ជាក់ពីការកាន់កាប់ដីក៏ដោយ។
មេខ្លោងប្រមូលផ្តុំគ្នាព្រឹកនេះ មានឈ្មោះ អៀន ណាវី ហៅយាយវ៉ែនតា និងឈ្មោះ លត ធី ជាអ្នកប្រមូលផ្តុំគ្នា ដែលកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សាវាយកម្ទេចទ្រព្យសម្បត្តិរបស់ក្រុម ប៉ុន្តែក្រុមហ៊ុនមិនទាន់ចាត់វិធានការផ្លូវច្បាប់នៅឡើយទេ ដោយសារទុកឱកាសឲ្យពួកគាត់ចេញមុខសម្របសម្រួលជាមួយតំណាងក្រុមហ៊ុន។
នាសាលប្រជុំរបស់សាលាស្រុក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ លោក ញឹក សារ៉ែន អភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡ បានដឹកនាំប្រជុំពិភាក្សារកដំណោះស្រាយករណីវិវាទដីធ្លីរវាងម្ចាស់ដី និងអ្នកទន្ទ្រានចូលកាន់កាប់ដី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ហើយលោកបានសម្តែងការគាំទ្រគោលជំហរបស់ភាគីតំណាងក្រុមហ៊ុន ក្នុងការដោះស្រាយបញ្ហាដោយវិធីឈ្នះ-ឈ្នះ គឺគ្មានភាគីណាមួយខាតបង់ច្រើនឡើយ។
នៅកិច្ចប្រជុំនោះ មានការចូលរួមពីភាគីតំណាងក្រុមហ៊ុន ជាអ្នកទិញដី ភាគីតំណាងប្រជាពលរដ្ឋ១១គ្រួសារ ដើម្បីពិភាក្សារកដំណោះស្រាយតាមគោលនយោបាយឈ្នះ-ឈ្នះ ដែលលោកអភិបាលស្រុកគាស់ក្រឡពេញចិត្ត។
ក្រោយប្រជុំចប់ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ បានសរសេរសារបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «២៧/០៧/២០២២ ស្រុកគាស់ក្រឡ ករណីវិវាទដីធ្លីដ៏រាំរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ក្រោយពីមានការសម្របសម្រួលរបស់ក្រុមការងារ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធធ្វើឲ្យមានលទ្ធផលផ្លែផ្កាល្អប្រសើ ឈានទៅរកការបញ្ចប់វិវាទនៅពេលខាងមុខេ»។