ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសារជាថ្មីម្ដងទៀតចំពោះប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតឱ្យបន្តទៅចុះឈ្មោះ

ចេញផ្សាយថ្ងៃអង្គារ៍ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២

ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២–ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវ​នាវ​សារ​ជាថ្មីម្ដងទៀតចំពោះប្រជាពលរដ្ឋទាំងអស់គ្រប់និន្នាការនយោបាយ ដែលមិនទាន់បាន​ចុះ​ឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាបន្តទៀត ដើម្បីអនុវត្តន៍​នូវ​សិទ្ធិ​ជ្រើសរើសមេដឹកនាំ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យា​សាស្ត្រសេដ្ឋកិច្ច ប្រមាណជាង ៦ ០០០ អង្គ/នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយ​ចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បាន​មានប្រសាសន៍អំពាវនាវចំពោះប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត សូម​អញ្ជើញទៅចុះឈ្មោះបោះឆ្នោតជាបន្តទៀត ដើម្បីអនុវត្តន៍នូវសិទ្ធិជ្រើសរើសមេដឹកនាំ នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ សម្ដេចតេជោបន្តថា បណ្ដាបក្សនយោបាយ​ដែលចូលរួមបោះឆ្នោតក្ដី មិនចូលរួមបោះឆ្នោតក្ដី ហើយដែលមានសមាជិកសមាជិការ​បស់​ខ្លួន អ្នកគាំទ្រខ្លួន គប្បីត្រូវជំរុញពួកគាត់ឱ្យមកចុះឈ្មោះបោះឆ្នោត កុំឱ្យតែដល់ពេលថា ខ្ញុំគាំទ្រគណបក្សនេះ ខ្ញុំអត់មានឈ្មោះបោះឆ្នោត។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែង​យ៉ាង​ដូច្នេះថា៖ «ឥឡូវខ្ញុំអំពាវនាវសារជាថ្មីម្ដងទៀតជាមួយនិងប្រជាពលរដ្ឋ​ទាំងអស់គ្រប់និន្នា​ការ​នយោបាយ ឱ្យទៅចុះឈ្មោះបោះឆ្នោត ហើយក្នុងនោះ យុវជនដែលទើបដល់​អាយុ​បោះឆ្នោត ក៏ត្រូវទៅចុះឈ្មោះបោះឆ្នោត។ បើមិនដូច្នេះទេ គឺការអនុវត្តនូវ​សិទ្ធិមិន​អាចធ្វើ​ទៅរួចទេ។ មានតែអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតត្រឹមត្រូវតែ​ប៉ុណ្ណោះ។ រឿងនេះគឺជា​រឿង​ដែលសូមអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើងចូលរួម»។សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យមួយត្រូវ​ធ្វើ​ជាទៀងទាត់សម្រាប់ប្រទេសរបស់យើង ហើយការចុះឈ្មោះបោះឆ្នោតលើកនេះ គឺបច្ចេក​ទេសកាន់តែទំនើបទៅៗ ដែលនឹងផ្ដល់ឱកាសងាយស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើង និងតម្លាភាពនៃការបោះឆ្នោត។បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)​ចេញផ្សាយថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២បានឱ្យដឹងថា រយៈពេល១១ថ្ងៃ លទ្ធផលនៃ​ការពិនិត្យ​​បញ្ជី​ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៥២ ៥៦២ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មាន​ចំនួន ៩១ ០១៤ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១០ ២០៩ នាក់។ អ្នក​ដែល​​បាន​ផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤៧ ៣៧១ នាក់។ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃ​ទី០៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ទន្ទឹមនេះ គ.ជ.ប ក៏សូមអញ្ជើញ​ប្រជា​ពល​រដ្ឋ​ខ្មែរ ទៅពិនិត្យមើល​ឈ្មោះ​ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវ​ឈ្មោះ ឬទិន្ន​ន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិត​ដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នក​ដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះ​បោះ​ឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕