កីឡាសីដក់ប្រើធនធានមន្ត្រីបច្ចេកទេស៣០នាក់ ក្នុងកីឡាជាតិ លើកទី៣និងជ្រើសរើស១០នាក់ សម្រាប់គោលដៅ ស៊ីហ្គេមនៅឆ្នាំ២០២៣

ចេញផ្សាយថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២  សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបានប្រើប្រាស់ធនធានមន្ត្រីអាជ្ញាកណ្តាល ចៅក្រម ៣០នាក់ សម្រាប់បម្រើដល់ការប្រកួតកីឡាជាតិ លើកទី៣ ពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយសហព័ន្ធនឹងជ្រើសរើសធនធានធ្នើមៗពីព្រឹត្តិការណ៍នេះត្រៀមទៅបណ្តុះបណ្តាកម្រិតអន្តរជាតិ ដើម្បីបម្រើដល់ការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ថ្លែងប្រាប់ទីភា្នក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាទទួលបន្ទុកប្រធានគណៈកម្មការបច្ចេកទេសកីឡាសីដក់នៃព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះគូសបញ្ជាក់ថា ការប្រកួតកីឡាសីដក់កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះមាន៣វិញ្ញាសា គឺ២នាក់ទល់២នាក់នារី (៤ក្រុម), ២នាក់ទល់២នាក់បុរស (៥ក្រុម) និងវិញ្ញាសា ៣នាក់ទល់៣នាក់បុរស (៦ក្រុម)។ ចំពោះប្រតិភូកីឡាករ កីឡាការិនីចូលរួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ព្រៃវែង និង២ក្រសួង គឺមហាផ្ទៃ និងការពារជាតិ ដោយកីឡាសីដក់ ប្រកួតពីថ្ងៃទី២០-២២វិច្ឆិកាឆ្នាំ២០២២ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ លោកបានបន្ថែមថា ចំពោះមន្ត្រីបច្ចេកទេសរៀបចំ អាជ្ញាកណ្តាល-ចៅក្រម ក្នុងការកាត់សេចក្តី គឺសហព័ន្ធមានធនធាន៣០នាក់ ដែលសម្រាបការប្រកួតថ្នាក់ជាតិ គឺមន្ត្រីទាំងនេះមានសមត្ថភាពពេញលេញ ប៉ុន្តែការប្រកួតអន្តរជាតិ ជាពិសេសគឺគោលដៅស៊ីហ្គេម ២០២៣ គឺតម្រូវឲ្យមន្ត្រីបច្ចេកទេសកម្ពុជាបន្តការបណ្តុះបណ្តាលកម្រិតអន្តរជាតិ នាពេលខាងមុខឆាប់នេះ ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍បន្ថែម ក្នុងពេលចូលរួមកាត់សេចក្តី បម្រើការប្រកួតជាមួយមន្ត្រីអន្តរជាតិ ក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ដ៏ធំរៀងរាល់២ឆ្នាំម្តងមួយនេះ។ លោកអនុប្រធានបន្ថែមថា សម្រាប់ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣លើប្រភេទកីឡាសីដក់ គឺមានរាជធានី-ខេត្ត-ក្រសួងត្រឹម៦ប៉ុណ្ណោះ គឺដោយសារកីឡាសីដក់ ជាប្រភេទកីឡាពហុជំនាញមានការលំបាក ក្នុងការហ្វឹកហាត់ ដូច្នេះការទាក់ទាញយុវជនឱ្យចូលរួមហ្វឹកហាត់ក្នុងប្រភេទកីឡាមួយនេះនៅមានកម្រិតនៅឡើយ ហើយទាមទារពេលវេលាច្រើន ដើម្បីឱ្យក្លាយខ្លួនជាធនធានកីឡាករ កីឡាការិនី ដែលអាចប្រកួតប្រជែងបាន។ លោក ទុយ ប៊ុនហឿន សង្កត់ធ្ងន់ថា «ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ ខ្ញុំសូមអំពាវដល់រាជធានីខេត្តក្រសួងស្ថាប័ននានាមេត្តាជួយគាំទ្រជំរុញដល់ប្រភេទកីឡាសីដក់កម្ពុជា ជាពិសេសគឺជួយខិតខំផលិតយុវជនឱ្យបានច្រើន នៅតាមសាលារៀន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកីឡាជំនាញមួយនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត នាថ្ងៃអនាគត»៕ ប្រភព៖ information.gov.kh