ក្រសួងអប់រំ៖ ចាប់ផ្តើមថ្ងៃទី១ បេក្ខជនប្រឡងបាក់ឌុប អវត្តមានជាង ២ពាន់នាក់ និងមានបញ្ហាសុខភាព ១៧នាក់

ចេញផ្សាយថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ ចាប់ផ្តើមថ្ងៃទី១ បេក្ខជនប្រឡងបាក់ឌុប អវត្តមានជាង ២ពាន់នាក់ និងមានបញ្ហាសុខភាព ១៧នាក់។ ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) មានបេក្ខជនអវត្តមានចំនួន ២២៦៤នាក់ ស្រី១០០៤នាក់ និងមានបញ្ហាសុខភាព១៧នាក់ ក្នុងនោះមានម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩ ។  យោងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកក្រសួងអប់រំ បានឱ្យដឹងថា ក្នុងដំណើរ ការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ទី៥ ខែធ្នូ ឆ្នាំ២០២២ មានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយ រលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយ កើតឡើងគួរឱ្យកត់សម្គាល់ឡើយ ។  ក្រសួងបញ្ជាក់ថា «នៅព្រឹកថ្ងៃទី០១នេះ មានបេក្ខជនអវត្តមានចំនួន ២២៦៤នាក់ ស្រី១០០៤នាក់ មានបញ្ហាសុខភាព ១៧នាក់ ដែលក្នុងនោះមានម្នាក់ សង្ស័យវិជ្ជមានជំងឺកូវីដ-១៩»។ ក្រសួងបន្តថា បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ បានបន្តការប្រឡងក្រោម ការយកចិត្តទុកដាក់ មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ប្រកបដោយអនាម័យ ដើម្បីទទួលបាន លទ្ធផលល្អក្នុងការប្រឡង។  ក្រសួងគូសបញ្ជាក់ថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តន៍តាមសេចក្ដីណែនាំប្រតិបត្តិរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការ អនុរក្ស ដោយមានការចូលរួមសហការណ៍ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាព ប្រឆាំអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។  សូមបញ្ជាក់ថា សម្រាប់ឆ្នាំនេះ មានបេក្ខជនសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥១៧៤បន្ទប់ និងមានការចូលរួមដោយ គណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២៧៥៦នាក់។ អង្គភាព ប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និង មន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២៧០០នាក់ ៕  ប្រភព៖information.gov.kh