
ករណីជម្លោះវាងព្រះសង្ឃនិងព្រះសង្ឃនៅវត្តស្លាកេតុ រដ្ឋបាលខេត្តកណ្តាលបានប្រមានថាការប្រអំពើហឹង្សាបងប្អូនកំពុងប្រឈមទៅនឹងទោសព្រហ្មទណ្ឌហើយ។
យោងតាមការលើកឡើងរបស់រដ្ឋបាលខេត្តកណ្តាល៖
មហាជនដែលឃើញបញ្ហាជំលោះ រឺហៅថាអធិករណ៍រវាងព្រះសង្ឃ ២អង្គនៅវត្តស្លាកេតុ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ស្នើអោយពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំង២ក្រុម ដែលគាំទ្រព្រះសង្ឃម្ខាងៗរៀងខ្លួន រហូតដល់ផ្ទុះការតវ៉ាបណ្តេញព្រះចៅអធិការវត្ត រួមនឹងព្រះសង្ឃមួយចំនួនទៀតចេញពីវត្ត និងចាក់សោរវត្តទៀតនោះ ត្រូវបញ្ឈប់សកម្មភាពដែលហួសហេតុនេះជាបន្ទាន់ ព្រោះការតវ៉ានេះវាបានហួសដែននៃការគាំទ្រហើយ ដែលវាបានក្លាយទៅជាអំពើហិង្សា ដែលបងប្អូនកំពុងប្រឈមទៅនឹងទោសព្រហ្មទណ្ឌហើយ។
មតិមហាជនភាគច្រើនដែលបានដឹងរឿងមិនចុះសម្រុងគ្នា រវាងព្រះសង្ឃ ២អង្គក្នុងវត្តតែមួយ គឺភិក្ខុ សាយ ស៊ុយសែ ជាមួយនិងព្រះចៅអធិការវត្តស្លាកេតុ ព្រះនាម ពក សុខហេង ដែលវត្តនេះស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាលនេះ ក៏បានលើកឡើងដែរថា បញ្ហាជំលោះ រឺក៏ហៅថាអធិករណ៍រវាងលោកសង្ឃទាំង ២អង្គខាងលើគឺកើតមានតាំងពីឆ្នាំ ២០២៣មកម្លេះ ហើយធ្លាប់ត្រូវបានអាជ្ញាធរ និងមន្ត្រីគណៈសង្ឃស្រុក ខេត្ត និងរហូតដល់ក្រសួងធម្មការ និងសាសនាបានធ្វើកោះប្រជុំ និងដោះស្រាយជាច្រើនលើករួចមកហើយដែរ និងបានមានការស្រុះស្រួលគ្នារវាងព្រះសង្ឃទាំង២អង្គខាងលើបញ្ចប់បញ្ហាទាំងអស់ដែលមានផ្តិតមេដៃទទួលស្គាល់ត្រឹមត្រូវពីព្រះសង្ឃទាំង ២អង្គ និងមន្ត្រីពាក់ព័ន្ធ។
តែបែរជានៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ មានប្រជាពលរដ្ឋមួយក្រុមដែលមានគ្នាប្រមាណ៤០ ទៅ៥០នាក់ ដែលជាអ្នកគាំទ្រខាងព្រះសង្ឃឈ្មោះ សាយ ស៊ុយសែ បានលើគ្នាមកតវ៉ាបណ្តេញព្រះសង្ឃ ព្រះនាម ពក សុខហេង ជាចៅអធិការវត្តស្លាកេតុនេះ និងព្រះសង្ឃមួយចំនួនទៀតចេញពីវត្តតែម្តង ដែលការតវ៉ានេះមានរូបភាពជាហិង្សា រហូតដល់មានការចាក់សោកុដ និងវត្ត ព្រមជាមួយការផ្សារដែកលួសបន្លាបិតមិនអោយព្រះសង្ឃដែលត្រូវបានបណ្តេញចេញនោះចូលវិញបានទៀត ដែលតាមរយៈរូបភាពទាំងនេះ បងប្អូនដែលជាអ្នកប្រព្រឹត្តអាចនឹងត្រូវមានទោសតាមផ្លូវច្បាប់ហើយ ព្រោះវាមិនមែនជាការគាំទ្ររបស់ពុទ្ធបរិស័ទចំពោះព្រះសង្ឃនោះទេ វាបានហួសក្លាយទៅជាអំពើហិង្សាដោយចេតនាហើយ ដែលវាជាបទល្មើសព្រហ្មទណ្ឌ។
ទាក់ទងនឹងបញ្ហាតវ៉ាបែបហឹង្សារបស់បងប្អូនប្រជាពលរដ្ឋខាងលើនេះដែរ វាមិនមែនត្រឹមខុសនឹងច្បាប់តែប៉ុណ្ណោះទេ តែវាបានធ្វើអោយខូចដល់តម្លៃព្រះពុទ្ធសាសនា បាត់បង់ជំនឿចិត្ត និងការគោរពដល់ព្រះសង្ឃដទៃទៀត ខណៈដែលការតវ៉ាដោយហិង្សានេះមិនបានជួយអ្វីដល់តម្លៃព្រះពុទ្ធសាសនានោះទេ ។
ទាក់ទងនឹងបញ្ហានេះ មហាជនក៏បានស្នើអោយបងប្អូនដែលបានចូលរួមធ្វើការតវ៉ាកន្លងទៅ ត្រូវបញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់ ដើម្បីកុំអោយខ្លួនត្រូវទទួលទោសព្រហ្មទណ្ឌតាមផ្លូវច្បាប់ និងទុកការដោះស្រាយបញ្ហានេះអោយអាជ្ញាធរ និងមន្ត្រីសង្ឃដោះស្រាយ ។