សារ និងការណែនាំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ (យប់ថ្ងៃទី១៦ កក្កដា ២០២៥) មានខ្លឹមសារដូចខាងក្រោម ៖

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ថ្លែងថា ក្នុងកិច្ចប្រជុំពីម្សិល ឯកឧត្តម បានណែនាំឱ្យឯកឧត្តម លោកជំទាវ ជាប្រធានតុលាការ និងព្រះរាជអាជ្ញា ប្រកាន់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តវិធានការច្បាប់ ក៏ដូចជាផ្តល់កិច្ចសហការពេញលេញដល់សមត្ថកិច្ចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម ថ្លែងថា យប់នេះ, ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ពីអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ចរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាសមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះករណីដែលព្រះរាជអាជ្ញារងរូបនេះ បានសម្រេចធ្វើការដោះលែងដោយរំលោភអំណាច នូវជនល្មើសដែលមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដែលត្រូវបានសម្រេចធ្វើការសម្រេចឃាត់ខ្លួនដោយសមត្ថកិច្ច ដើម្បីកសាងនីតិវិធីទៅតាមច្បាប់។