
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ការអនុវត្តច្បាប់ និងការគ្រប់គ្រងរដ្ឋបាលផ្ទៃក្នុង” ដើម្បីបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការងាររដ្ឋបាល ជាពិសេសតម្រង់ទិសជូនដល់មន្ត្រីរាជការឱ្យអនុវត្តការងារស្របតាមនីតិវិធីរដ្ឋបាល និងមានស្តង់ដារួមតែមួយ,
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ការអនុវត្តច្បាប់ និងការគ្រប់គ្រងរដ្ឋបាលផ្ទៃក្នុង” ដើម្បីបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការងាររដ្ឋបាល ជាពិសេសតម្រង់ទិសជូនដល់មន្ត្រីរាជការឱ្យអនុវត្តការងារស្របតាមនីតិវិធីរដ្ឋបាល និងមានស្តង់ដារួមតែមួយ
( ភ្នំពេញ )៖ វគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ការអនុវត្តច្បាប់ និងការគ្រប់គ្រងរដ្ឋបាលផ្ទៃក្នុង” រៀបចំឡើងដោយក្រសួងព័ត៌មាន បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ សាលមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មានទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោកជំទាវ ទេស ផល្លីន អគ្គនាយិកា នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការងាររដ្ឋបាល ជាពិសេសតម្រង់ទិសជូនដល់មន្ត្រីរាជការឱ្យអនុវត្តការងារស្របតាមនីតិវិធីរដ្ឋបាល និងមានស្តង់ដារួមតែមួយ។ លោកជំទាវ អគ្គនាយិកា បានគូសបញ្ជាក់ថា កន្លងមកការអនុវត្តការងារ អង្គភាពមួយចំនួនអនុវត្តស្របតាមនីតិវិធីរដ្ឋបាល ប៉ុន្តែមានរបៀបរបបឬលំនាំនៃការអនុវត្តផ្សេងគ្នា រីឯអង្គភាពមួយចំនួនទៀតអនុវត្តពុំទាន់ត្រឹមត្រូវតាមនីតិវិធី ជារួមគឺអនុវត្តការងារដោយ ឈរលើមូលដ្ឋានផ្សេងៗគ្នាតាមចំណេះ និងបទពិសោធន៍ដែលធ្លាប់អនុវត្តកន្លងមក។ ក្នុងន័យនេះ ដើម្បីធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងសង្គតិភាពការងារ ជាពិសេសធានាឱ្យបានថាមន្ត្រីរាជការគ្រប់រូបយល់ដឹងច្បាស់ពីនីតិវិធីនៃការគ្រប់គ្រងនិងចរន្តឯកសារ របៀបរបបនៃការតាក់តែងខ្លឹមសារលិខិតរដ្ឋបាល និងចៀសវាងការអនុវត្តការងារត្រួតឬជាន់ដែនសមត្ថកិច្ចគ្នា គឺតម្រូវឱ្យមន្ត្រីរាជការ និងជំនួយការថ្នាក់ដឹកនាំពង្រឹងសមត្ថភាពនិងការយល់ដឹងបន្ថែមលើមូលដ្ឋាននៃការអនុវត្តការងារឱ្យបានត្រឹមត្រូវតាម នីតិវិធី និងការណែនាំដូចមានចែងក្នុងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន។ ទន្ទឹមនឹងនេះ វគ្គបណ្តុះបណ្តាលនេះ ក៏មានការបញ្ជ្រាបចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងនីតិវិធីនៃការរៀបចំបេសកកម្មជូនដល់សិក្ខាកាមបានជ្រួតជ្រាប និងជាមូលដ្ឋានក្នុងការអនុវត្តឱ្យបានត្រឹមត្រូវ។