
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែកញ្ញា លើកទិសដៅការងារបន្តប្រចាំខែតុលា ឆ្នាំ២០២៥ និងរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២២រូប ។
មន្ត្រីនគរបាលដែលត្រូវប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមាន១៥រូប និងមន្ត្រីនគរបាលត្រូវបំពាក់ឋានន្តរសក្តិមាន១០៧រូប ។
កិច្ចប្រជុំ និងអង្គពិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីជាស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យទាំង៣៣ លោកអធិការទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្តែងការកោតសសើរជាខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលទាំងអស់កន្លងមក ដែលបានធ្វើការងារសហកាដោយប្រើប្រាស់វិធានជំនាញយ៉ាងល្អ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព និងបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបានលទ្ធផលល្អ។ ជាងនេះតាមការពិនិត្យឃើញថាខណៈដែលប្រទេសជាតិ ឋិតក្រោមដំបូល នៃសុខសន្តិភាព និងមានការអភិវឌ្ឍន៍ លំហូរ នៃបទល្មើសផ្សេងៗជាពិសេសបទល្មើសប្រព័ន្ធឌីជីថលក៏អាចកើតមានឡើងច្រើនផងដែរ ក៏ប៉ុន្តែ ក្នុងនាមជាកងកម្លាំងនគរបាលជាតិ មិនអាចបណ្តោយឲ្យសភាពការណ៍បទល្មើសទាំងឡាយនោះ អាចកើតងាយៗបាននោះទេ យើងត្រូវប្រើប្រាស់សមត្ថភាពជំនាញដើម្បី ទប់ស្កាត់ និងបំផ្លាញបទល្មើសទាំងនោះឲ្យមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខជូនពលរដ្ឋ និងសង្គមជាតិ។