
កាលពីថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយ សភាពាណិជ្ជកម្មកម្ពុជា ក្រោមគម្រោងគាំទ្ររបស់ EU-German GATE
បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតសម្រាប់សហគ្រាសធុនតូចនិងមធ្យម” (Awareness Raising Workshop on AEO for SMEs) រយៈពេលពេញមួយព្រឹក នៅសាលាជាតិគយ (National School of Customs)។
សិក្ខាសាលានេះ ទទួលបានការអញ្ជើញជាអធិបតីក្នុងពិធីបើកដោយ លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោកស្រី Maren Bremer ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសម្របសម្រួលពាណិជ្ជកម្ម EU-German GATE ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធាន សភាពាណ្ជិជកម្មកម្ពុជា តំណាងសម្ព័ន្ធសហព័ន្ធសហគ្រាសធុនតូចនិងមធ្យម តំណាងសមាគមភស្តុភារកម្មកម្ពុជា តំណាងសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា និងតំណាងសហគ្រាសធុនតូចនិងមធ្យម មានចំនួន ៧០ រូប។
គោលបំណងនៃសិក្ខាសាលា គឺបន្តផ្សព្វផ្សាយ កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត ដែលបាននិងកំពុងអនុវត្តក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីផ្តល់ការលើកទឹកចិត្តពិសេសបន្ថែមទៀត តាមរយៈការបង្កើនកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ជូនដល់ប្រតិបត្តិករសេដ្ឋកិច្ចពាក់ព័ន្ធ ដែលក្នុងនោះក៏មានសហគ្រាសធុនតូចនិងមធ្យម (SMEs) ផងដែរ។ កម្មវិធីនេះ ជាកម្មវិធីស្ម័គ្រចិត្ត ដែលមានការចូលរួមពីធុរជនមានកម្រិតអនុលោមភាពខ្ពស់ និងបំពេញបានលក្ខខណ្ឌនានាស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ជាពិសេសក្របខ័ណ្ឌស្តង់ដារសន្តិសុខនិងសុវត្ថិភាពនៃខ្សៃច្រវាក់ផ្គត់ផ្គង់សកលរបស់អង្គការគយពិភពលោក (WCO SAFE Framework of Standards)។ សិក្ខាសាលានេះ នឹងផ្តល់ចំណេះដឹងបន្ថែមទៀត ជូនដល់សហគ្រាសធុនតូចនិងមធ្យមដែលមានបំណងស្នើសុំវិញ្ញាបនបត្រប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO Certificate) លើប្រធានបទសំខាន់ៗដូចជា អត្ថប្រយោជន៍នៃកម្មវិធី លក្ខណៈវិនិច្ឆ័យ រួមទាំងបែបបទនិងនីតិវិធីនៃការស្នើសុំវិញ្ញាបនបត្រ និងការអភិវឌ្ឍមុខងារស្នើសុំតាមប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window)។
តាមរយៈសិក្ខាសាលានេះ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកទឹកចិត្តដល់សិក្ខាកាមចូលរួមពិភាក្សាឱ្យបានផុសផុលលើប្រធានបទដែលវាគ្មិនបានធ្វើបទបង្ហាញ និងចែករំលែកនូវបទពិសោធន៍និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការស្នើសុំវិញ្ញាបនបត្រ ជាពិសេស លោកបានជំរុញលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យមដែលមានកម្រិតអនុលោមភាពខ្ពស់បំផុត សូមស្ម័គ្រចិត្តចូលរួមក្នុងកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតនេះឱ្យមានចំនួនកាន់តែច្រើនឡើង។
តាមរយៈបទបង្ហាញ វាគ្មិនបានជម្រាបជូនអង្គសិក្ខាកាមអំពីអត្ថប្រយោជន៍ដែលផ្តល់ជូនប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតក្នុងក្របខ័ណ្ឌកម្មវិធី AEO នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមមាន៖ អាទិភាពក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ ការកាត់បន្ថយការត្រួតពិនិត្យរូបវន្ត ការតម្រូវឯកសារតិច ការយកទំនិញចេញពីគយមុនពេលបង់ពន្ធនិងអាករ ការប្រើប្រាស់និមិត្តសញ្ញា AEO ការទទួលបានការលើកទឹកចិត្តក្នុងឋានៈជាសមាជិក AEO នៅប្រទេសដៃគូផ្សេងទៀតដែលប្រទេសកម្ពុជាបានចុះហត្ថលេខាព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (Mutual Recognition Arrangement- MRA) ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងប្រទេសជាដៃគូពាណិជ្ជកម្ម រួមទាំងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
ក្រោយពីស្ដាប់បទបង្ហាញ អង្គសិក្ខាសាលាបានលើកជាសំណួរពិភាក្សាគ្នាយ៉ាងផុលផុស ពាក់ព័ន្ធនឹងការចូលរួមក្នុងកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត។
អង្គសិក្ខាសាលាបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល ព្រមទាំងទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់៕