រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋាន

រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅក្នុងមូលដ្ឋា

ខេត្តកំពង់ស្ពឺ៖​ នៅព្រឹកថ្ងៃទី១៤​ ខែសីហា ឆ្នាំ ២០២៥នេះ​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមជាអធិបតីភាពក្នុងវេទិកាពិព្រោះយោបល់ជាមួយសហគមអង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍នានាដែលធ្វើសកម្មភាពក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងអ្នកចូលរួមសរុបប្រមាណ២៦០នាក់ នៅបុរីរដ្ឋបាលខេត្តសាលប្រជុំ វ៉ី សំណាង ។

នាឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា វេទិកាពិគ្រោះយោបល់ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តកំពង់ស្ពឺ និងអង្គការសង្គមស៊ីវិលនាពេលនេះ គឺស្រប​ទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ដែលបានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការរៀបចំវេទិកានេះឡើងដើម្បីស្ដាប់ពីបញ្ហាប្រឈមនានា សំណូមពរផ្សេង ក្នុងន័យដើម្បីជួយពង្រឹង ពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ជាមួយនឹងបណ្ដាអង្គការ សមាគម សហគម ឱ្យកាន់តែប្រសើរឡើង។

ក្នុងន័យនេះដែរ ឯកឧត្តមបណ្ឌិត បានអនុញ្ញាតឱ្យសហគមអង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍នានា ឡើងមានចំណាប់អារម្មណ៍ សំណើរ សំណូមពរ ក្តីកង្វិល ផ្សេងៗយ៉ាងផុសផុល និងឆ្លើយតប ទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មួយៗប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម រដ្ឋបាលខេត្តស្នើឱ្យ អភិបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការ​នេះឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិតបានបន្តថា រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកអង្គការសង្គមស៊ីវិល ជាតួអង្គមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស ក្នុងនោះអង្គការសង្គមស៊ីវិលបានខិតខំជួយជ្រោមជ្រែងក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទាំងជីវភាពរស់នៅ ការប្រកបរបរជាដើម។