លោកឧត្តមសេនីយ៍ទោ ហេង សុផល នាំយកថវិកាប្រគល់ជូនគ្រួសារវីរៈយុទ្ធជនពលី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ នាពេលកន្លងមក

  • ខេត្តកំពង់ធំ ៖ រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ប្រគល់ជូនគ្រួសារវីរៈយុទ្ធជន ស្ថិតនៅគេហដ្ឋានក្នុងភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ជារៀងដ៏រាប ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារបងប្អូនរវីរៈយុទ្ធជន គ្រប់មូលដ្ឋានឃុំ-សង្កាត់ទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ បន្តថ្លែងថាថ្ងៃនេះ ជាថ្ងៃលើកទី៣ ដែលរូបលោកបានចូលរួមរំលែកទុក្ខ និងសាកសួរទុក្ខដល់គេហដ្ឋានបងប្អូន ព្រមទាំងនាំយកនូវថវិកាមួយចំនួន ដែលជាការឧបត្ថម្ភពីសប្បុរសជន (លោក ផែង វណ្ណៈ) ប្រគល់ជូនគ្រួសារបងប្អូន ដើម្បីជួយសម្រាលចំណាយដោះស្រាយការចំណាយក្នុងជីវភាពជាប្រចាំថ្ងៃ ។

លោកស្នងការ បានប្រគល់ថវិកា ១,០០០,០០០រៀល ជូនក្រុមគ្រួសារវីរ:យុទ្ធជនពលី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ នាពេលកន្លងមក យោធិនឈ្មោះ ឌី សេង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ពលីជីវិតនៅសមរភូមិមុខនៅភ្នំទ្រព្យ។

បន្ថែមលើថវិកា លោកឧត្តមសេនីយ៍ ស្នងការ បានលើកទឹកចិត្ត ដល់បងប្អូនសូមបន្តបង្ករបង្កើនផល ចិញ្ចឹមសត្វ ដាំដំណាំបន្លែ ផ្លែឈើ តាមក្រុមគ្រួសារនីមួយៗ ដើម្បីលើកស្ទួយជីវភាពឲ្យកាន់តែប្រសើរឡើង។