
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងខេត្តកំពត។
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពត កាលពីថ្ងៃទី២៣ និង២៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ មកពីវិទ្យាល័យនានាទូទាំងខេត្តកំពត សរុបចំនួនជាង ៦,០០០នាក់ នៅសាលាខេត្តកំពត។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលកំពត សមាជិក សមាជិកាព្រឹទ្ធសភា លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអង្គភាពចំណុះសាលាខេត្ត។
លោក សូ ភារិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត បានមានប្រសាសន៍ឱ្យដឹងថា៖ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ នៅខេត្តកំពតមានបេក្ខជនដែលត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ៥,៣១៧នាក់ ដែលក្នុងនោះបេក្ខនារីមានចំនួន ២,៩៩៥នាក់ ចែកចេញជា ១០មណ្ឌល ស្មើនឹង ២១៥ បន្ទប់។
ជាមួយគ្នានេះលោក សូ ភារិទ្ធ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវ ដែលបានឧបត្ថម្ភគាំទ្រលើកស្ទួយវិស័យអប់រំសិក្សាធិការខេត្តជាបន្តបន្ទាប់ តាមរយៈការផ្តល់អគារសិក្សា អាហារូបករណ៍ និងថវិកាជូនដល់លោកគ្រូ អ្នកគ្រូ សម្រាប់បើកវគ្គបំប៉នដល់សិស្សានុសិស្សមុនពេលប្រឡង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ខិតខំរៀនសូត្ររបស់សិស្សានុសិស្សទាំងអស់ ដោយមានជំនឿយ៉ាងមុតមាំថា ចៅៗទាំងអស់នឹងទទួលបានលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុបនាពេលខាងមុខនេះ ប្រសើរជាងឆ្នាំមុនៗជាក់ជាពុំខាន។
ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានលើកឡើងពីបទពិសោធន៍នៃការសិក្សារៀនសូត្រ និងផ្តល់ពុទ្ធិមួយចំនួនជាមូលដ្ឋានគ្រឹះសម្រាប់ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
ឯកឧត្តមបណ្ឌិត បានជូនពរចៅៗទាំងអស់ ប្រឡងជាប់និទ្ទេសល្អគ្រប់ៗគ្នា ដើម្បីបង្ហាញជាកិត្តិយសជូនលោកគ្រូ អ្នកគ្រូ ជូនសាលាយើង គ្រួសារយើង ស្រុកយើង និងខេត្តយើង។
ឯកឧត្តបណ្ឌិត បានជូនថវិកាលើកទឹកចិត្តដល់បេក្ខជនមកពីវិទ្យាល័យនានា ក្នុងខេត្តកំពតចំនួន ៥,៣១៧នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូចំនួន ៤៤៩នាក់ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល គណៈគ្រប់គ្រងសាលាចំនួន ៧២នាក់ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល កងកម្លាំងប្រដាប់អាវុធចូលរួមការពារក្នុងកម្មវិធី ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងក្រុមគ្រូពេទ្យប្រចាំការ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល៕