
អភិបាលខេត្តកំពង់ស្ពឺ៖ បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិដណ្តើមបាននិទ្ទេសA នឹងទទួលបានរង្វាន់លើកទឹកចិត្ត
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នឹងផ្តល់រង្វាន់ដល់បេក្ខជនទាំងឡាយណាដែលទទួលបាននិទ្ទេសA នៅក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២៥ នាសម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ ការលើកឡើងដូចនេះ ក្នុងពេលដែលឯកឧត្តមបណ្ឌិតអញ្ជើញបើកវិញ្ញាសារប្រឡង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងនៃវិទ្យាល័យកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការប្រឡងសញ្ញាបត្រទុតិយភូមិ គឺជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹង ដែលបានខិតខំសិក្សារៀនសូត្រ នៅមធ្យមសិក្សាទុតិយភូមិ ដើម្បីឈានចូលទៅបន្តការសិក្សានៅកម្រិតថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យបន្តទៀត ដូច្នេះត្រូវខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យការប្រឡងនេះបានជាប់គ្រប់ៗគ្នា។ ពិសេសជាងនេះ ត្រូវអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងអបរំ យុវជន និងកីឡា ដោយគោរពឱ្យបាននូវគោលការណ៍ទាំង៤នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន (អ្នកចេះគឺជាប់)។